សាររបស់នាយកប្រតិបត្តិ

ជូនចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាទីគោរពរាប់អាន
សូមស្វាគមន៍មកកាន់ធនាគារឯកទេស ខេប៊ី ដេហាន (ធនាគារ KDSB)!

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណ និងសំដែងការកោតសរសើរយ៉ាងស្មោះអស់ពីចិត្តចំពោះអតិថិជនជាទីគោរព បុគ្គលិកដែលបានខិតខំប្រឹងប្រែង ដៃគូអាជីវកម្មដែលតែងតែគាំទ្រ ក្រសួង និងនិយ័តករដែលតែងតែជួយជ្រោមជ្រែង និងអ្នកពាក់ព័ន្ធដ៏មានតម្លៃទាំងអស់របស់យើង សម្រាប់ការគាំទ្រ និងការចាប់អារម្មណ៍គ្មានទីបញ្ចប់របស់អ្នកទាំងអស់គ្នាចំពោះធនាគារ KDSB។ លោកអ្នកបានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យ និងការរីកចម្រើនរបស់យើង។

ក្នុងរយៈពេល៥ឆ្នាំនៃការកកើតនេះ ធនាគារ KDSB មានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់។ ចាប់ផ្ដើមពីធនាគារឯកទេសតូចបំផុតមួយក្នុងឆ្នាំ២០១៨ ឥឡូវនេះយើងបានក្លាយជាធនាគារឯកទេសដ៏ល្បីមួយលើផ្នែកកម្ចីទិញរថយន្ត ជាមួយនឹងដើមទុនចុះបញ្ជីជាង៧៣លានដុល្លារ។

ក្នុងនាមជាសមាជិកនៃ KB Financial Group ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេ ផ្អែកលើអតិថិជនច្រើនជាងគេ និងមានបណ្តាញសាខាយ៉ាងទូលំទូលាយបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង យើងប្តេជ្ញា ផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មរហ័ស បត់បែន និងសុវត្ថិភាព ដូចដែលពួកគេកំពុងបើកបររថយន្តទំនើបនៅលើផ្លូវហាយវេយ៉ាងដូច្នោះដែរ។ មិនត្រឹមតែផលិតផលហិរញ្ញវត្ថុរថយន្តប៉ុណ្ណោះទេធនាគារ KDSB ផ្តល់ផលិតផលកម្ចី និងឥណទានជាច្រើនប្រភេទទៀត ដូចជា កម្ចីគេហដ្ឋាន កម្ចីសាជីវកម្ម កម្ចីគ្រឿងយន្តកសិកម្ម និងផលិតផលប័ណ្ណផងដែរ។ ផលិតផលទាំងនេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការអតិថិជនរបស់យើងក្នុងយុគសម័យទំនើបនេះ។ យើងយល់ច្បាស់ពីលក្ខណៈពិសេសនៃតម្រូវការ និងគោលដៅហិរញ្ញវត្ថុរបស់អតិថិជនម្នាក់ៗ ហើយយើងនឹងព្យាយាមផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតសម្រាប់ទាំងបុគ្គល និងក្រុមហ៊ុន។

នៅតាមផ្លូវជាមួយនឹងដំណើរដ៏ជោគជ័យ និងគួរឱ្យកត់សម្គាល់នេះ យើងបានប្តេជ្ញាចិត្តចំពោះនិរន្តរភាព និងការអភិវឌ្ឍន៍សង្គមតាមរយៈការធ្វើសកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗ។ យើងតែងតែដកយកប្រាក់ចំនេញមួយចំនួនរបស់យើងដើម្បីតបស្នងដល់សង្គមវិញ ដោយអនុវត្តគម្រោងបរិច្ចាគសៀវភៅ ការជួសជុល/សាងសង់បណ្ណាល័យ ការសាងសង់អគារសិក្សា មជ្ឈមណ្ឌលបណ្តុះបណ្តាលកសិកម្ម កម្មវិធីគាំទ្រផលិតផលកែច្នៃ ការដំឡើងកញ្ចក់ចរាចរណ៍។ល។ ខ្ញុំជឿជាក់ថា ការរួមចំណែកតិចតួចរបស់ក្រុមហ៊ុននីមួយៗ រួមទាំងធនាគារ KDSB នឹងធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយសម្រាប់សង្គមកម្ពុជាកាន់តែប្រសើរឡើង។

គ្មានសមិទ្ធផលណាមួយរបស់យើង (ទាំងសមិទ្ធិផលអាជីវកម្ម និងសមិទ្ធិផលទំនួលខុសត្រូវសង្គម) នឹងអាចធ្វើទៅបានដោយគ្មានការគាំទ្រពីអតិថិជន បុគ្គលិក ដៃគូអាជីវកម្ម ក្រសួង និងនិយ័តករ និងអ្នកពាក់ព័ន្ធទាំងអស់របស់យើងឡើយ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ការសហការ និងការរួមចំណែកដែលឥតងាករេរបស់អ្នកទាំងអស់គ្នា។

យើងសន្យាថានឹងផ្តល់ជូនលោកអ្នកនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុត និងធ្វើឱ្យលោកអ្នកបន្តដំណើរលើ "មាគ៌ាហិរញ្ញវត្ថុថ្មីរបស់លោកអ្នក" ជាមួយ KDSB។

ដោយក្តីគោរព
Pak Du Ho
នាយកប្រតិបត្តិ

ព័ត៌មានសង្ខេបអំពីធនាគារ

  • ឈ្មោះធនាគារ
    ធនាគារឯកទេស ខេប៊ី ដេហាន ម.ក (“ធនាគារ KDSB”)
  • សាវតារ
    ខែកក្កដា ឆ្នាំ២០០៨៖ បានបង្កើតឡើងក្នុងនាមជាធនាគារឯកទេស តូម៉ាតូ ខែមីនា ឆ្នាំ២០១៨៖ បានផ្លាស់ប្តូរទៅជាធនាគារឯកទេស ខេប៊ី ដេហាន ម.ក
  • វិស័យអាជីវកម្ម
    មានឯកទេសក្នុងការផ្តល់ឥណទានរថយន្ត អាជីវកម្មប័ណ្ណ និង ផ្នែកកម្ចីគេហដ្ឋាន
  • ការិយាល័យកណ្តាល
    អគារលេខ ១ ជាន់ទី៧ ទី២០ ទី២១&ទី២២ ផ្លូវលេខ ៣៦០ ភូមិ០៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រទេសកម្ពុជា

ធនាគារឯកទេស ខេប៊ី ដេហាន ម.ក (“ធនាគារ KDSB”) គឺជាអាជីវកម្មបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន KB Kookmin Card និងធនាគារ Indochina Bank។
ក្រុមហ៊ុន KB Kookmin Card គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ KB Financial Group ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេដែលមាន អតិថិជនច្រើនបំផុត និងមានបណ្ដាញសាខាទូលំទូលាយបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាសមាជិកមួយនៃសន្ទស្សន៍ Dow Jones sustainability indices របស់ទីផ្សារភាគហ៊ុននៃទីក្រុងញូវយ៉ក (NYSE)។

ធនាគារ Indochina Bank ធ្លាប់មានបទពិសោធន៍ជោគជ័យត្រចះត្រចង់នៅក្នុងការផ្តល់ឥណទានរថយន្ត (Auto Finance) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដោយផ្អែកលើបទពិសោធន៍ជោគជ័យ នៅក្នុងវិស័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេៗរបស់ខ្លួន និងនវានុវត្តភាពថ្មីរបស់ខ្លួនផងនោះ ទើបស្តែងឱ្យឃើញច្បាស់ថា ធនាគារ KDSB គឺជាធនាគារដ៏គួរឱ្យជឿទុកចិត្តដែលអាចផ្ដល់ជូននូវសេវាកម្មរហ័សទាន់ចិត្ត និងមានភាពបត់បែនទៅកាន់ទីផ្សារឥណទានកម្ពុជា និងធ្វើឱ្យសង្គមហិរញ្ញវត្ថុនៃប្រទេសកម្ពុជាកាន់តែមានភាពប្រសើរឡើង។

ចក្ខុវិស័យ បេសកកម្ម និង គោលតម្លៃស្នូល

ចក្ខុវិស័យរបស់ធនាគារ KDSB គឺក្លាយខ្លួនជាធនាគារឯកទេសតាមរយៈបទពិសោធន៍ជោគជ័យពីប្រទេសកូរ៉េខាងត្បូង។
បេសកកម្មរបស់ធនាគារ KDSB គឺធ្វើឱ្យអតិថិជនមានអារម្មណ៍រំភើបរីករាយតាមរយៈការផ្តល់សេវាកម្មឆាប់រហ័ស និងមានភាពបត់បែន ដូចជាការបើកបររថយន្តទំនើប (supercar) នៅលើផ្លូវហាយវេយ៉ាងដូច្នោះដែរ។

ចក្ខុវិស័យ

ដឹកនាំដោយអ្នកជំនាញកម្រិតពិភពលោក និងរបបគំហើញថ្មីៗដើម្បីក្លាយខ្លួនជា ដៃគូជីវិតដ៏រីករាយ និងគួរជាទីទុកចិត្តរបស់អតិថិជន។

គោលដៅរបស់យើង គឺក្លាយខ្លួនជាក្រុមហ៊ុនហិរញ្ញវត្ថុយូរអង្វែងមួយតាមរយៈរបបគំហើញថ្មីៗឈានមុខគេដែលផ្លាស់ប្តូរគំរូហិរញ្ញវត្ថុដោយអ្នកជំនាញដែលមានវិជ្ជាជីវៈច្បាស់លាស់របស់យើង។

បេសកកម្ម

ការផ្តល់សេវាកម្មហិរញ្ញវត្ថុ ធ្វើឱ្យមានការផ្លាស់ប្តូរ - ជីវិតកាន់តែរីករាយ និងពិភពលោកកាន់តែល្អប្រសើរ

យើងផ្តោតលើការផ្តល់សេវាហិរញ្ញវត្ថុដែលនាំមកនូវសេចក្តីសុខ និងសុភមង្គលដល់អតិថិជន និងសង្គម។

គោលតម្លៃស្នូល

ការផ្តោតលើអតិថិជន : អត្ថប្រយោជន៍សម្រាប់អតិថិជន និងការផ្តល់អាទិភាពដល់ពួកគេនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់យើង។

ជំនាញឯកទេស : យើងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីអភិវឌ្ឍសមត្ថភាពឈានមុខគេក្នុងផ្នែកឧស្សាហកម្ម។

នវានុវត្តន៍ : យើងលើកកម្ពស់ការគិតបែបច្នៃប្រឌិត និងជំរុញឱ្យមានគំនិតផ្តួចផ្តើមលើផ្នែកទីផ្សារដំបូងគេ ដើម្បីរៀបចំអនាគតនៃឧស្សាហកម្មសេវាហិរញ្ញវត្ថុ ឡើងវិញ។

ការជឿទុកចិត្ត និងសុចរិតភាព : ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុមួយ យើងតែងគោរពតាមកម្រិតស្តង់ដា ខ្ពស់បំផុតនៃក្រមសីលធម៌វិជ្ជាជីវៈ ដោយធ្វើសកម្មភាពប្រកបដោយភាពស្មោះត្រង់ និងដោយសុចរិតភាព។

ការរីកលូតលាស់ទាំងអស់គ្នា : តាមរយៈការរីកលូតលាស់ទាំងអស់គ្នាជាមួយនឹងអតិថិជន យើងមានគោលបំណងចូលរួមចំណែកដល់ការរីកចម្រើនជឿនលឿននៃសង្គម។

ពាក្យស្លោក “មាគ៌ាហិរញ្ញវត្ថុថ្មីរបស់លោកអ្នក”

របាយការណ៍សង្ខេបហិរញ្ញវត្ថុប្រចាំឆ្នាំ

ក្នុងឆ្នាំ២០២១ ធនាគារ KDSB បានបង្ហាញពីកំណើនប្រាក់ចំណេញសុទ្ធយ៉ាងអស្ចារ្យដល់ទៅ ១៤២.៦% នៅក្នុងពេលប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មាន។ ក្នុងអំឡុងពេលវិបត្តិដែលអូសបន្លាយពេលនេះ ផ្អែកតាមចំណេះដឹងនិងបទពិសោធន៍នៃការគ្រប់គ្រងហានិភ័យដ៏ល្អប្រសើរ ដែលទទួលបានពីក្នុងប្រទេសកូរ៉េខាងត្បូង ធនាគារ KDSB នៅតែអាចគ្រប់គ្រងហានិភ័យបានយ៉ាងល្អដដែល។ កំណើនទ្រព្យសកម្មសរុបគឺភាគច្រើនទទួលបានពីកំណើននៃចំនួនការផ្ដល់ប្រាក់កម្ចី ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។

វប្បធម៌ធនាគារ

KDSB បានបង្កើតឡើងជាមួយនឹងវប្បធម៌ធនាគារដ៏ប្លែកដែលធ្វើឱ្យ KDSB ក្លាយជាស្ថាប័នធនាគារដែលមានភាពខុសគ្នាទៅនឹងស្ថាប័នធនាគារដទៃនៅក្នុងប្រទេសកម្ពុជា។

ថ្នាក់សិក្សាភាសាកូរ៉េ ថ្នាក់សិក្សាភាសាកូរ៉េត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៩។ បន្តពីឆ្នាំ២០១៩ វគ្គមូលដ្ឋានភាសាកូរ៉េត្រូវបានផ្ដល់ជូនដល់បុគ្គលិកដែលមានឆន្ទៈរៀនភាសាថ្មីដើម្បីការរីកចម្រើនអនាគតរបស់ពួកគេ។ ថ្នាក់សិក្សានោះត្រូវបានបញ្ចប់ដោយជោគជ័យនៅក្នុងឆ្នាំ២០២០ ហើយសិស្សដែលបានបញ្ចប់វគ្គនេះដោយជោគជ័យត្រូវបានប្រគល់រង្វាន់និងវិញ្ញាបនបត្របញ្ចប់ការសិក្សាពីនាយកប្រតិបត្តិ។

ក្លឹបអាហារកូរ៉េ ក្លឹបអាហារកូរ៉េ គឺជាវប្បធម៌ប្លែកគេរបស់ធនាគារ KDSB។ វាត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យបុគ្គលិកសប្បាយរីករាយ បន្ទាប់ពីការខិតខំធ្វើការរបស់ពួកគេពេញមួយសប្ដាហ៍។ ដូច្នេះ ក្លឹបនេះបើកនៅល្ងាចថ្ងៃសុក្ររៀងរាល់ពីរសប្ដាហ៍ម្តង។ តាមរយៈការចូលរួមនៅក្នុងក្លឹបនេះ បុគ្គលិកអាចសិក្សាអំពីប្រវត្តិសាស្ត្រ/វប្បធម៌នៃមុខម្ហូបនីមួយៗ និងរបៀបក្នុងការចម្អិនម្ហូបកូរ៉េដ៏ពេញនិយម។ មិនត្រឹមតែផ្ដល់នូវចំណេះដឹងពាក់ព័ន្ធនឹងអាហារបរទេសប៉ុណ្ណោះទេ ប៉ុន្តែក្លឹបនេះក៏ជាកន្លែងដែលបុគ្គលិកកសាងទំនាក់ទំនងល្អក្នុងផ្នែក/ក្រុមផងដែរ។ ភាពរីករាយរបស់បុគ្គលិកត្រូវបានសម្ដែងចេញតាមរយៈទឹកមុខញញឹម និងការជជែកលេងយ៉ាងសប្បាយរបស់ពួកគេអំឡុងពេលនៅក្នុងថ្នាក់បង្រៀននីមួយៗរបស់ក្លឹប។